ក្រសួងសុខាភិបាល សម្រេចឲ្យបញ្ជូនអ្នកជំងឺ កូវីដ-១៩ ចំនួន ២នាក់ មិនទាន់ជាសះស្បើយ ឲ្យមកបន្តការព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចឲ្យបញ្ជូនអ្នកជំងឺ កូវីដ-១៩ ចំនួន ២នាក់ មិនទាន់ជា សះស្បើយ ឲ្យមកបន្តការព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ ព្យាបាលនៅមន្ទីរពេទ្យខេត្ត មិនមានភាពធូរស្រាល។
អ្នកជំងឺទាំង២នោះ ជាជនជាតិខ្មែរ រស់នៅខេត្តកំពង់ឆ្នាំង និងរស់នៅខេត្តបន្ទាយមានជ័យ។ហើយរហូតដល់ពេលនេះ កម្ពុជារក្សាចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន ១២២នាក់ ហើយមានអ្នកព្យាបាលជាសះស្បើយ ចំនួន ១២០នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានលើកឡើង ក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា «មិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺ តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ។ថ្ងៃនេះ ក្រសួង បាន សម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាំង២នាក់ ហើយ»។
លោកស្រី រៀបរាប់ថា វីរុសនេះ ពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំង២ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។
លោកស្រីបន្ដថា « ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បើយ ពេលមកដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ លោកបន្តការប្រុងប្រយ័ត្ន ការពារ ការ ចម្លង នៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ត្រូវចងចាំថា យើងអាចភ្លេចវីរុស កូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយើងទេ»។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា មិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវិជ្ជមាន កូវីដ-១៩ ថ្មី នៅថ្ងៃទី៧ ឧសភា៕ E B
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត